ត្រឡប់ទៅ ចំណេះដឹងពី ខូរ៉ាល

របៀបត្រៀមសម្រាប់ថ្ងៃចូលធ្វើការដំបូងរបស់បុគ្គលិកថ្មី

អត្ថបទណែនាំអនុវត្តជាក់ស្តែងសម្រាប់ក្រុមការងារធនធានមនុស្ស និងអ្នកគ្រប់គ្រង ក្នុងការត្រៀមរៀបចំឯកសារ កន្លែងធ្វើការ និងការបណ្តុះបណ្តាល មុនថ្ងៃចូលធ្វើការដំបូងរបស់បុគ្គលិកថ្មី។

របៀបត្រៀមសម្រាប់ថ្ងៃចូលធ្វើការដំបូងរបស់បុគ្គលិកថ្មី
ថ្ងៃដំបូងដែលល្អ ចាប់ផ្តើមពីឯកសារការងារ កន្លែងធ្វើការ ការកំណត់ការទទួលខុសត្រូវ និងផែនការបណ្តុះបណ្តាលដែលបានរៀបចំជាមុន។

ថ្ងៃចូលធ្វើការដំបូងដែលល្អ ចាប់ផ្តើមតាំងពីមុនពេលបុគ្គលិកថ្មីមកដល់។

នៅពេលឯកសារការងារ ការរៀបចំកន្លែងធ្វើការ ការកំណត់ការទទួលខុសត្រូវ និងការបណ្តុះបណ្តាល ត្រូវបានរៀបចំជាមុន បុគ្គលិកអាចចាប់ផ្តើមការងារដោយមានភាពច្បាស់លាស់ និងទំនុកចិត្តកាន់តែខ្ពស់។ ការរៀបចំដ៏ល្អក៏ជួយឱ្យផ្នែកធនធានមនុស្ស អ្នកគ្រប់គ្រង និងផ្នែកពាក់ព័ន្ធ បំពេញការទទួលខុសត្រូវរបស់ខ្លួនបានជាប់លាប់ផងដែរ។

អត្ថបទណែនាំនេះចាប់ផ្តើមពីដំណាក់កាលបន្ទាប់ពីបេក្ខជនត្រូវបានជ្រើសរើស និងបានយល់ព្រមលើលក្ខខណ្ឌការងារដែលបានផ្តល់ជូន។

មុនថ្ងៃចូលធ្វើការដំបូងរបស់បុគ្គលិក

ផ្នែកនេះរៀបរាប់ពីអ្វីដែលគួររៀបចំឱ្យបានរួចរាល់ មុនពេលបុគ្គលិកមកដល់កន្លែងធ្វើការ។

១. ប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងកិច្ចសន្យាការងារ

មុនពេលរៀបចំកិច្ចសន្យាការងារ ផ្នែកធនធានមនុស្សគួរប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានចាំបាច់សម្រាប់រៀបចំកិច្ចសន្យា រួមមាន៖

  • ឈ្មោះពេញស្របតាមឯកសារផ្លូវការ ជាភាសាខ្មែរ និងអង់គ្លេស (ប្រសិនបើមាន)
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
  • ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ និងអាសយដ្ឋានបច្ចុប្បន្ន
  • តួនាទី ផ្នែក អ្នកគ្រប់គ្រងផ្ទាល់ និងទីកន្លែងធ្វើការ
  • ថ្ងៃចាប់ផ្តើមការងារ ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដែលត្រូវទទួល
  • ម៉ោងធ្វើការ ឬកាលវិភាគការងារ
  • ប្រភេទកិច្ចសន្យា រយៈពេល និងលក្ខខណ្ឌសាកល្បងការងារ ប្រសិនបើអនុវត្ត

ឈ្មោះ និងព័ត៌មានអត្តសញ្ញាណរបស់បុគ្គលិកគួរតែត្រូវគ្នានឹងឯកសារផ្លូវការរបស់ពួកគេ។ ផ្នែកធនធានមនុស្សក៏គួរបញ្ជាក់ថា តួនាទី ប្រាក់បៀវត្ស និងលក្ខខណ្ឌការងារផ្សេងៗ ត្រូវគ្នានឹងអ្វីដែលថ្នាក់គ្រប់គ្រងបានអនុម័ត។

ព័ត៌មានផ្ទាល់ខ្លួន និងឯកសារអត្តសញ្ញាណគួរត្រូវបានប្រមូលសម្រាប់តែគោលបំណងការងារស្របច្បាប់ និងត្រូវរក្សាទុកជាការសម្ងាត់។

២. រៀបចំ ពិនិត្យ និងចុះហត្ថលេខាលើកិច្ចសន្យាការងារ

ផ្នែកធនធានមនុស្សគួរប្រើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងលក្ខខណ្ឌការងារដែលបានអនុម័ត ដើម្បីរៀបចំកិច្ចសន្យាការងារដែលមានខ្លឹមសារសំខាន់ៗដូចជា៖

  • តួនាទី និងការទទួលខុសត្រូវ
  • ថ្ងៃចាប់ផ្តើមការងារ និងទីកន្លែងធ្វើការ
  • ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
  • ការរៀបចំលក្ខខណ្ឌធ្វើការ
  • ប្រភេទកិច្ចសន្យា រយៈពេល និងលក្ខខណ្ឌសាកល្បងការងារ
  • លក្ខខណ្ឌការងារផ្សេងទៀតដែលពាក់ព័ន្ធ

បុគ្គលិកគួរមានពេលវេលាគ្រប់គ្រាន់ដើម្បីអានកិច្ចសន្យា សួរសំណួរ និងយល់ពីលក្ខខណ្ឌទាំងអស់មុនពេលចុះហត្ថលេខា។ ប្រសិនបើឯកសារត្រូវបានរៀបចំជាភាសាខ្មែរ និងអង់គ្លេស លក្ខខណ្ឌសំខាន់ៗគួរមានភាពស្របគ្នា និងត្រូវបានពន្យល់ឱ្យបានច្បាស់លាស់។

ជាការអនុវត្តល្អ កិច្ចសន្យាគួរត្រូវបានចុះហត្ថលេខាមុនថ្ងៃចាប់ផ្តើមការងារផ្លូវការរបស់បុគ្គលិក។ ទាំងនិយោជក និងបុគ្គលិកគួររក្សាទុកកិច្ចសន្យាមួយច្បាប់រៀងៗខ្លួន។

និយោជកនៅកម្ពុជាគួរធានាថា ប្រភេទកិច្ចសន្យា លក្ខខណ្ឌ និងនីតិវិធីដែលអនុវត្ត ស្របតាមតម្រូវការច្បាប់ការងារកម្ពុជាជាធរមាន។

៣. បង្កើតកំណត់ត្រាបុគ្គលិក និងបញ្ជីត្រួតពិនិត្យការចូលបម្រើការងារ

បន្ទាប់ពីកិច្ចសន្យាត្រូវបានចុះហត្ថលេខា ផ្នែកធនធានមនុស្សគួរបង្កើតកំណត់ត្រាបុគ្គលិក និងរៀបចំបញ្ជីត្រួតពិនិត្យការចូលបម្រើការងារ។

កំណត់ត្រាបុគ្គលិកអាចរួមមាន៖

  • កិច្ចសន្យាការងារដែលបានចុះហត្ថលេខា និងសេចក្តីពិពណ៌នាការងារដែលបានអនុម័ត
  • ព័ត៌មានអត្តសញ្ញាណ និងព័ត៌មានទំនាក់ទំនង
  • ថ្ងៃចាប់ផ្តើមការងារ តួនាទី ផ្នែក និងអ្នកគ្រប់គ្រងផ្ទាល់
  • ព័ត៌មានប្រាក់បៀវត្ស ការបើកប្រាក់បៀវត្ស និងព័ត៌មានពាក់ព័ន្ធនឹងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • គុណវុឌ្ឍិ និងវិញ្ញាបនបត្រវិជ្ជាជីវៈ
  • ការណែនាំដំបូង និងការបណ្តុះបណ្តាលដែលត្រូវការ
  • សម្ភារៈ ឬទ្រព្យសម្បត្តិក្រុមហ៊ុនដែលបានប្រគល់ជូន

ព័ត៌មានមួយចំនួនប្រហែលជាមិនទាន់មានគ្រប់គ្រាន់ភ្លាមៗទេ ប៉ុន្តែព័ត៌មានដែលនៅខ្វះគួរត្រូវបានកំណត់ឱ្យបានច្បាស់ និងតាមដានបំពេញបន្ថែម។

បញ្ជីត្រួតពិនិត្យការចូលបម្រើការងារគួរបង្ហាញពីសកម្មភាពដែលត្រូវអនុវត្ត អ្នក ឬផ្នែកដែលទទួលខុសត្រូវ កាលបរិច្ឆេទកំណត់ ស្ថានភាពនៃការបំពេញ ព័ត៌មានដែលនៅខ្វះ និងឯកសារ ឬកំណត់ត្រាគាំទ្រដែលត្រូវការ។

៤. ផ្ញើសារស្វាគមន៍ និងព័ត៌មានអំពីការមកដល់

ភ្លាមៗបន្ទាប់ពីកិច្ចសន្យាត្រូវបានចុះហត្ថលេខា ផ្នែកធនធានមនុស្សគួរផ្ញើសារស្វាគមន៍ជូនបុគ្គលិក និងផ្តល់ព័ត៌មានចាំបាច់សម្រាប់ការមកដល់ ដូចជា៖

  • ពេលវេលាចាប់ផ្តើមការងារដែលបានបញ្ជាក់
  • ទីតាំងកន្លែងធ្វើការ និងអ្នកដែលត្រូវទាក់ទង
  • ការស្លៀកពាក់សមស្របនៅកន្លែងធ្វើការ
  • ព័ត៌មានអំពីចំណតយានយន្ត ការធ្វើដំណើរ ឬសុវត្ថិភាព ប្រសិនបើពាក់ព័ន្ធ
  • ឯកសារ ឬព័ត៌មានដែលនៅត្រូវការបន្ថែម
  • ការពន្យល់ខ្លីអំពីអ្វីដែលបុគ្គលិកអាចរំពឹងទុកនៅថ្ងៃដំបូង

ផ្នែកធនធានមនុស្សក៏អាចស្នើសុំព័ត៌មានដែលនៅខ្វះសម្រាប់ដំណើរការចូលបម្រើការងារ ដូចជា អ្នកទំនាក់ទំនងក្នុងករណីបន្ទាន់ ព័ត៌មានគណនីធនាគារ ឬព័ត៌មានសម្រាប់បើកប្រាក់បៀវត្ស ព័ត៌មានសមាជិក ប.ស.ស. រូបថត គុណវុឌ្ឍិ វិញ្ញាបនបត្រវិជ្ជាជីវៈ ទំហំឯកសណ្ឋាន ឬព័ត៌មានផ្សេងទៀតដែលត្រូវការតាមតួនាទីការងារ។

បុគ្គលិកគួរទទួលបានព័ត៌មានទាំងនេះមុនពេលចាប់ផ្តើមការងារឱ្យបានគ្រប់គ្រាន់ ដើម្បីអាចត្រៀមខ្លួនបានល្អ។ ពួកគេមិនគួររង់ចាំរហូតដល់យប់មុនថ្ងៃចាប់ផ្តើមការងារ ទើបដឹងថាត្រូវទៅទីណា ឬត្រូវយកអ្វីទៅជាមួយនោះទេ។

៥. សម្របសម្រួលការរៀបចំផ្ទៃក្នុង

ផ្នែកធនធានមនុស្សគួរជូនដំណឹងដល់អ្នកទាំងអស់ដែលទទួលខុសត្រូវក្នុងការរៀបចំទទួលបុគ្គលិកថ្មី។ អាស្រ័យលើតួនាទី អ្នកពាក់ព័ន្ធអាចរួមមាន អ្នកគ្រប់គ្រងដែលជ្រើសរើសបុគ្គលិក ផ្នែករដ្ឋបាល ផ្នែកហិរញ្ញវត្ថុ ឬបើកប្រាក់បៀវត្ស ផ្នែកព័ត៌មានវិទ្យា សន្តិសុខ សុវត្ថិភាព ឬអនុលោមភាព និងអ្នកសម្របសម្រួលការបណ្តុះបណ្តាល។

ការទទួលខុសត្រូវគួរត្រូវបានកំណត់ឱ្យបានច្បាស់ រួមមាន៖

  • អ្នកដែលនឹងស្វាគមន៍បុគ្គលិក និងណែនាំក្រុមការងារ
  • ថាតើត្រូវចាត់តាំងបុគ្គលិកណែនាំនៅកន្លែងធ្វើការឬអត់
  • អ្នកដែលនឹងផ្តល់ការណែនាំដំបូង និងការបណ្តុះបណ្តាល
  • អ្វីដែលបុគ្គលិកគួររៀនក្នុងអំឡុងសប្តាហ៍ដំបូង
  • ការងារដំបូងដែលនឹងត្រូវប្រគល់ជូន
  • ពេលវេលាសម្រាប់ការពិភាក្សាតាមដានបន្ត

ក្នុងពេលជាមួយគ្នា កន្លែងធ្វើការ និងឧបករណ៍ចាំបាច់គួរត្រូវបានរៀបចំជាស្រេច រួមមាន៖

  • តុ ឬកន្លែងធ្វើការ
  • កុំព្យូទ័រ និងគ្រឿងបន្ថែម
  • អ៊ីមែលក្រុមហ៊ុន និងឧបករណ៍ទំនាក់ទំនង
  • កាតសម្គាល់បុគ្គលិក សោកន្លែងធ្វើការ ឬប័ណ្ណចូលប្រើប្រាស់
  • ឯកសណ្ឋាន ឬឧបករណ៍ការពារផ្ទាល់ខ្លួន
  • ឧបករណ៍ ម៉ាស៊ីន ទម្រង់បែបបទ និងឯកសារការងារ
  • សិទ្ធិចូលប្រើប្រាស់កម្មវិធី និងព័ត៌មានពាក់ព័ន្ធតាមការអនុញ្ញាត

សិទ្ធិចូលប្រើប្រាស់គួរសមស្របនឹងការទទួលខុសត្រូវរបស់បុគ្គលិក។ ព័ត៌មានសម្ងាត់ ឬសិទ្ធិអនុម័តមិនគួរត្រូវបានផ្តល់ជូនដោយគ្មានការអនុញ្ញាតត្រឹមត្រូវឡើយ។

សម្រាប់តួនាទីនៅរោងចក្រ ឃ្លាំង ការងារតាមទីតាំង ឬការងារប្រតិបត្តិការ និយោជកក៏គួររៀបចំឧបករណ៍សុវត្ថិភាព និងសេចក្តីណែនាំជាក់លាក់តាមកន្លែងធ្វើការដែលត្រូវការ។

៦. រៀបចំផែនការណែនាំដំបូង និងបណ្តុះបណ្តាល

ផ្នែកធនធានមនុស្ស និងអ្នកគ្រប់គ្រងគួររៀបចំផែនការណែនាំដំបូង និងបណ្តុះបណ្តាល ដោយផ្អែកលើតួនាទី សេចក្តីពិពណ៌នាការងារ និងសមត្ថភាពដែលត្រូវការរបស់បុគ្គលិក។

ប្រសិនបើអង្គភាពមានកម្មវិធីបណ្តុះបណ្តាលដែលបានរៀបចំរួចហើយ គួរកំណត់ថា សកម្មភាពណែនាំ និងបណ្តុះបណ្តាលណាខ្លះដែលត្រូវអនុវត្តចំពោះបុគ្គលិករូបនោះ។

ការណែនាំអំពីកន្លែងធ្វើការអាចរួមមាន៖

  • ប្រវត្តិ សកម្មភាព ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន
  • រចនាសម្ព័ន្ធអង្គភាព ផ្នែក និងដំណើរការនៃការរាយការណ៍
  • ម៉ោងធ្វើការ ពេលសម្រាក និងនីតិវិធីវត្តមាន
  • ការឈប់សម្រាក ការងារបន្ថែមម៉ោង ការបើកប្រាក់បៀវត្ស និងព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.
  • ការទំនាក់ទំនងនៅកន្លែងធ្វើការ វិន័យបុគ្គលិក និងការរក្សាការសម្ងាត់
  • យន្តការដោះស្រាយបណ្តឹងតវ៉ា ឬបណ្តាញស្នើសុំជំនួយ

ការបណ្តុះបណ្តាលដែលតម្រូវឱ្យមានអាចរួមមាន៖

  • សុខភាព សុវត្ថិភាព និងនីតិវិធីក្នុងគ្រាអាសន្ន
  • ការរក្សាព័ត៌មានជាការសម្ងាត់
  • តម្រូវការគុណភាព ឬសុវត្ថិភាពម្ហូបអាហារ ប្រសិនបើពាក់ព័ន្ធ
  • សុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍
  • តម្រូវការផ្សេងទៀតរបស់កន្លែងធ្វើការ ឬបទប្បញ្ញត្តិពាក់ព័ន្ធ

ការបណ្តុះបណ្តាលជាក់លាក់តាមតួនាទីអាចរួមមាន៖

  • ការទទួលខុសត្រូវការងារ និងនីតិវិធីការងារស្តង់ដារ
  • ឧបករណ៍ សម្ភារៈ និងលំហូរការងាររបស់ផ្នែក
  • សិទ្ធិអនុម័ត និងកំណត់ត្រាដែលត្រូវរក្សាទុក
  • ការរំពឹងទុកចំពោះលទ្ធផលការងារ

ផែនការបណ្តុះបណ្តាលគួរកំណត់ប្រធានបទ អ្នកបណ្តុះបណ្តាល កាលបរិច្ឆេទគ្រោងទុក វិធីសាស្ត្រ សម្ភារៈ ការវាយតម្លៃការយល់ដឹង ឬសមត្ថភាព កំណត់ត្រាបណ្តុះបណ្តាលដែលត្រូវរក្សាទុក និងសកម្មភាពតាមដានបន្ត។

មិនមែនគ្រប់ប្រធានបទបណ្តុះបណ្តាលទាំងអស់ត្រូវបញ្ចប់នៅថ្ងៃដំបូងនោះទេ។ ការណែនាំចាំបាច់គួរត្រូវបានផ្តល់ជាមុន ខណៈការបណ្តុះបណ្តាលផ្សេងទៀតអាចបន្តនៅសប្តាហ៍ដំបូង ខែដំបូង ឬក្នុងអំឡុងពេលសាកល្បងការងារ។

៧. បញ្ចប់ការរៀបចំកាលវិភាគថ្ងៃដំបូង

កាលវិភាគច្បាស់លាស់ជួយឱ្យថ្ងៃដំបូងមានលំដាប់លំដោយ និងធានាថា អ្នកទទួលខុសត្រូវអាចចូលរួមតាមពេលវេលាដែលបានកំណត់។

ពេលវេលាសកម្មភាព
ពេលមកដល់ស្វាគមន៍ និងណែនាំ
ដើមព្រឹកការណែនាំពីផ្នែកធនធានមនុស្ស និងផ្ទៀងផ្ទាត់ព័ត៌មានដែលនៅខ្វះ
ពាក់កណ្តាលព្រឹកទស្សនកិច្ចកន្លែងធ្វើការ និងណែនាំក្រុមការងារ
ចុងព្រឹកពិភាក្សាជាមួយអ្នកគ្រប់គ្រងអំពីតួនាទី និងការងារអាទិភាពដំបូង
ក្រោយអាហារថ្ងៃត្រង់ណែនាំអំពីឧបករណ៍ ដំណើរការ និងការងារចាំបាច់
ពេលរសៀលប្រគល់ការងារដំបូងដែលសមស្រប ឬឱ្យសង្កេតការងារ
ចុងថ្ងៃឆ្លើយសំណួរ និងពិនិត្យតាមដានជាមួយផ្នែកធនធានមនុស្ស ឬអ្នកគ្រប់គ្រង

កាលវិភាគគួរត្រូវបានកែសម្រួលតាមតួនាទី និងកន្លែងធ្វើការរបស់បុគ្គលិក។ បុគ្គលិកការិយាល័យ បុគ្គលិករោងចក្រ បុគ្គលិកការងារតាមទីតាំង និងអ្នកគ្រប់គ្រងជាន់ខ្ពស់ អាចត្រូវការសកម្មភាពខុសៗគ្នា។

ថ្ងៃដំបូងគួរផ្តល់ព័ត៌មានចាំបាច់ដោយមិនធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាទទួលព័ត៌មានច្រើនពេក។ គួរទុកពេលវេលាគ្រប់គ្រាន់សម្រាប់សំណួរ ការណែនាំគ្នា និងការសម្របខ្លួនទៅនឹងបរិយាកាសការងារថ្មី។

៨. ធ្វើការត្រួតពិនិត្យចុងក្រោយអំពីភាពរួចរាល់

មួយ ឬពីរថ្ងៃធ្វើការមុនពេលបុគ្គលិកមកដល់ ផ្នែកធនធានមនុស្សគួរពិនិត្យបញ្ជីត្រួតពិនិត្យការចូលបម្រើការងារជាមួយអ្នកគ្រប់គ្រង និងផ្នែកពាក់ព័ន្ធ។

ត្រូវបញ្ជាក់ថា៖

  • កិច្ចសន្យាការងារត្រូវបានចុះហត្ថលេខា និងព័ត៌មានអត្តសញ្ញាណត្រូវបានផ្ទៀងផ្ទាត់
  • កំណត់ត្រាបុគ្គលិកត្រូវបានបង្កើត និងព័ត៌មានដែលនៅខ្វះត្រូវបានកំណត់
  • អ្នកគ្រប់គ្រងអាចចូលរួមបាន និងក្រុមការងារត្រូវបានជូនដំណឹង
  • កន្លែងធ្វើការ ឧបករណ៍ និងសិទ្ធិចូលប្រើប្រាស់តាមការអនុញ្ញាត ត្រូវបានរៀបចំរួចរាល់
  • ផែនការណែនាំដំបូង និងបណ្តុះបណ្តាលត្រូវបានរៀបចំ
  • អ្នកបណ្តុះបណ្តាល និងអ្នកទទួលខុសត្រូវផ្សេងទៀតអាចចូលរួមបាន
  • កាលវិភាគថ្ងៃដំបូង និងការងារដំបូងត្រូវបានបញ្ជាក់

បញ្ហាណាដែលមិនទាន់ដោះស្រាយ គួរមានអ្នកទទួលខុសត្រូវ និងកាលបរិច្ឆេទច្បាស់លាស់សម្រាប់បញ្ចប់។

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ ផ្នែកធនធានមនុស្សគួរផ្ញើសាររំលឹកខ្លីមួយទៅបុគ្គលិក ដើម្បីបញ្ជាក់ម៉ោងមកដល់ ទីតាំងកន្លែងធ្វើការ អ្នកដែលត្រូវទាក់ទង ឯកសារដែលនៅត្រូវយកមក និងសេចក្តីណែនាំសំខាន់ៗ។

សារនេះគួរតែជាការរំលឹកប៉ុណ្ណោះ ពីព្រោះបុគ្គលិកគួរបានទទួលព័ត៌មានសំខាន់ៗអំពីការមកដល់រួចហើយ។

នៅថ្ងៃចូលធ្វើការដំបូងរបស់បុគ្គលិក

នៅពេលការរៀបចំបានបញ្ចប់រួចរាល់ ថ្ងៃដំបូងគួរផ្តោតលើការស្វាគមន៍ ការណែនាំ និងការចាប់ផ្តើមការងារដែលសមស្រប។

នៅពេលការរៀបចំត្រូវបានបញ្ចប់ ថ្ងៃដំបូងអាចផ្តោតលើការស្វាគមន៍ ការណែនាំ និងការជួយឱ្យបុគ្គលិកយល់ពីតួនាទីថ្មីរបស់ខ្លួន។

  • ស្វាគមន៍បុគ្គលិកនៅពេលមកដល់
  • ណែនាំអ្នកគ្រប់គ្រង ក្រុមការងារ និងបុគ្គលិកណែនាំនៅកន្លែងធ្វើការ
  • ផ្ទៀងផ្ទាត់ព័ត៌មានដែលនៅខ្វះ
  • ណែនាំអំពីកន្លែងធ្វើការ
  • ពន្យល់អំពីគោលការណ៍ និងនីតិវិធីចាំបាច់
  • ប្រគល់ឧបករណ៍ និងសិទ្ធិចូលប្រើប្រាស់ដែលបានរៀបចំ និងកត់ត្រាការប្រគល់ទ្រព្យសម្បត្តិ
  • ពន្យល់ពីការទទួលខុសត្រូវ និងការងារអាទិភាពដំបូង
  • ចាប់ផ្តើមការណែនាំ និងការបណ្តុះបណ្តាលតាមផែនការ
  • ផ្តល់ការងារដំបូងដែលសមស្រប
  • ទុកពេលវេលាសម្រាប់សំណួរ និងពិនិត្យតាមដាននៅចុងថ្ងៃ

ថ្ងៃដំបូងមិនគួរជាលើកទីមួយដែលបុគ្គលិកបានឃើញកិច្ចសន្យាការងារ ដឹងពីប្រាក់បៀវត្ស ឬដឹងពីលក្ខខណ្ឌការងារសំខាន់ៗរបស់ខ្លួននោះទេ។

តាមដានបន្តក្នុងអំឡុងសប្តាហ៍ដំបូង

បន្ទាប់ពីថ្ងៃដំបូង អង្គភាពគួរបន្តការតាមដាន និងបំពេញសកម្មភាពដែលនៅសល់ ដើម្បីឱ្យការចូលបម្រើការងារបានពេញលេញ។

ដំណើរការចូលបម្រើការងារគួរបន្តតាមដានបន្ទាប់ពីថ្ងៃដំបូងរបស់បុគ្គលិក។

ផ្នែកធនធានមនុស្ស និងអ្នកគ្រប់គ្រងគួរ៖

  • បំពេញព័ត៌មានបុគ្គលិកដែលនៅខ្វះ
  • បំពេញនីតិវិធីការងារ និងនីតិវិធីពាក់ព័ន្ធនឹង ប.ស.ស. តាមតម្រូវការផ្លូវការជាធរមាន
  • បញ្ជាក់ថា ឧបករណ៍ និងសិទ្ធិចូលប្រើប្រាស់អាចដំណើរការបានត្រឹមត្រូវ
  • បន្តការបណ្តុះបណ្តាលតាមផែនការ និងរក្សាទុកកំណត់ត្រាដែលត្រូវការ
  • ឆ្លើយសំណួររបស់បុគ្គលិក
  • ពិនិត្យការងារដំបូង និងបញ្ជាក់ការរំពឹងទុករយៈពេលខ្លី
  • កំណត់ពេលវេលាសម្រាប់ការពិភាក្សាតាមដានបន្ទាប់

អ្នកគ្រប់គ្រងក៏គួរបញ្ជាក់ថា បុគ្គលិកយល់ពីការទទួលខុសត្រូវរបស់ខ្លួន និងដឹងថាត្រូវស្នើសុំជំនួយពីអ្នកណា ឬតាមរយៈមធ្យោបាយណា។

កំហុសទូទៅដែលគួរជៀសវាង

  • រៀបចំកិច្ចសន្យាដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មាន ឬរង់ចាំរហូតដល់ថ្ងៃដំបូងទើបចុះហត្ថលេខា
  • មិនបានកំណត់អ្នកទទួលខុសត្រូវលើការចូលបម្រើការងារ ឬមិនបានជូនដំណឹងដល់ផ្នែកពាក់ព័ន្ធ
  • មិនបានរៀបចំកន្លែងធ្វើការ ឧបករណ៍ ឬសិទ្ធិចូលប្រើប្រាស់សមស្របសម្រាប់បុគ្គលិក
  • រៀបចំការបណ្តុះបណ្តាលដោយគ្មានផែនការច្បាស់លាស់ ឬផ្តល់ព័ត៌មានច្រើនពេកនៅថ្ងៃដំបូង
  • មិនបានតាមដានឯកសារដែលនៅខ្វះ សកម្មភាពដែលត្រូវបំពេញ និងការពិភាក្សាតាមដានបន្ត

ថ្ងៃដំបូងដែលល្អ ចាប់ផ្តើមពីការរៀបចំដ៏ល្អ

ថ្ងៃដំបូងដែលប្រកបដោយភាពកក់ក្តៅ មិនតម្រូវឱ្យមានការរៀបចំកម្មវិធីធំដុំនោះទេ។ អ្វីដែលសំខាន់បំផុត គឺអង្គភាពបានត្រៀមខ្លួនរួចរាល់ អ្នកពាក់ព័ន្ធយល់ពីការទទួលខុសត្រូវរបស់ខ្លួន និងបុគ្គលិកដឹងថាខ្លួនអាចរំពឹងទុកអ្វីខ្លះ។

តាមរយៈការរៀបចំដោយយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់ បុគ្គលិកថ្មីអាចចាប់ផ្តើមតួនាទីរបស់ខ្លួនដោយមានទំនុកចិត្ត និងបង្កើតទំនាក់ទំនងវិជ្ជមានជាមួយកន្លែងធ្វើការតាំងពីដំបូង។

ចំណាំ៖ អត្ថបទនេះផ្តល់ជាមគ្គុទេសក៍ទូទៅផ្នែកធនធានមនុស្ស។ ការអនុវត្តការងារគួរត្រូវបានពិនិត្យផ្ទៀងផ្ទាត់ជាមួយតម្រូវការជាក់ស្តែង និងស្វែងរកការប្រឹក្សាវិជ្ជាជីវៈនៅពេលចាំបាច់។